Location via proxy:   [ UP ]  
[Report a bug]   [Manage cookies]                
Jump to content

ខេត្តត្បូងឃ្មុំ

ពីវិគីភីឌា
ខេត្តត្បូងឃ្មុំ
ខេត្ត
ចូលត្បូងឃ្មុំពីកំពង់ចាមតាមរយៈស្ពានឆ្លងទន្លេមេគង្គ
ចូលត្បូងឃ្មុំពីកំពង់ចាមតាមរយៈស្ពានឆ្លងទន្លេមេគង្គ
ផែនទីកម្ពុជាដែលផ្ដិតពន្លឺត្បូងឃ្មុំ
ផែនទីកម្ពុជាដែលផ្ដិតពន្លឺត្បូងឃ្មុំ
កូអរដោនេ: 11°59′N 105°27′E / 11.983°N 105.450°E / 11.983; 105.450Coordinates: 11°59′N 105°27′E / 11.983°N 105.450°E / 11.983; 105.450
ប្រទេស កម្ពុជា
ទីរួមខេត្តភូមិនិគមលើឃុំស្រឡប់
រដ្ឋាភិបាល
 • អភិបាលខេត្តជាម ច័ន្ទសោភ័ណ
ផ្ទៃក្រឡា
 • សរុប៥២៥០ គម2 (២០៣០ ម៉ាយ ការ)
ប្រជាជន (២០១៩)
 • សរុប៧៧៦,៨៤១
 • សន្ទភាព០.១៥/km2 (០.៣៨/sq mi)
ល្វែងម៉ោងម.ស.ស.+០៧
ក្រមហៅទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-៣
ស្រុក-ក្រុង

ត្បូងឃ្មុំ (អ.ស.អ.: [tɓouŋ kʰmum]) គឺជាខេត្តនៃកម្ពុជាស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត។ ទីរួមខេត្តហើយក៏ជាទីក្រុងធំបំផុតគឺសួង

ខេត្តត្បូងឃ្មុំត្រូវបានបង្កើតឡើងនៅពេលដែលខេត្តកំពង់ចាមត្រូវបានបំបែកជាពីរដោយព្រះរាជក្រឹត្យឡាយព្រះហស្តលេខានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដោយព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី តាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ខេត្តនេះមានភាគរយខ្ពស់បំផុតនៃចំនួនជនជាតិចាមដែលកំពុងតែរស់នៅក្នុងប្រទេសគឺ ១១.៨% ។

ប្រវត្តិខេត្តត្បូងឃ្មុំ

[កែប្រែ]

ខេត្ត​ត្បូងឃ្មុំ មានឈ្មោះ​ល្បីល្បាញ តាំងពី​សម័យ​លង្វែក​មក​ម្ល៉េះ ដោយសារ​តំបន់​នេះ​ទាក់ទង​ដល់​រឿង​ទុំ​ទាវ​។ ពី​មុន​ត្បូងឃ្មុំជា​ខេត្ត​ភូមិភាគ ដែល​បុរាណ​ហៅ​ថា “​ដី​”(​ក្សេត្រ​) គ្រប់គ្រង​ដោយ​ស្តេចត្រាញ់​មាន​ខេត្ត​ចំណុះ​ជា​ច្រើន​។ ឯ​ប្រវត្តិ​ឈ្មោះ​ខេត្ត​នេះ​មានការ​ចង​ចាំ​ត​ៗ គ្នា ពី​មនុស្ស​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ក្នុង​ដំណាល​នោះ​បាន​ពោ​លត​ៗ​គ្នា​ថា មូលហេតុ​ដែល​ស្រុក​នេះ​មានឈ្មោះ​ត្បូងឃ្មុំ ក៏​ដោយសារ​ពី​ដើម​មាន​ដើម​ស្ពុង​ធំ​មួយ​ដុះ​ជាប់​នឹង​ផ្លូវ ហើយ​នៅ​មែក​ស្ពុង​នោះ​មាន​ឃ្មុំ​ធំ​១​សំបុក​។ ឃ្មុំ​នោះ​កាច​ខ្លាំង​ណាស់ ឲ្យ​តែ​មាន​អ្នកដំណើរ​ណា​ដើរ​តាម​ផ្លូវ ហើយ​វា​ធុំក្លិន​មនុស្ស ក៏​ហើរ​មក​ទិច​រត់​មិន​សព្វ​ដី​។ ឯ​អ្នក​ដែល​ត្រូវ​ឃ្មុំ​ទិច​នោះ​ចិត្តល្អ ក៏​ប្រាប់​អ្នកស្រុក​ឯទៀត​ថា បើ​ចង់​ឆ្លងកាត់​ត្រង់​ចំណុចដើម​ស្ពុង​នោះ ត្រូវ​ដើរ​ពី​ខាងត្បូង​ឃ្មុំ (​ខាងក្រោម​ខ្យល់​) ដើម្បី​កុំ​ឲ្យ​ឃ្មុំ​វា​ធំក្លិន បើ​ពុំនោះ​ទេ ច្បាស់​ជា​វា​ហើរ មក​ទិច​មិន​ខាន​។ តាំងពី​ពេល​នោះ​មក​មនុស្ស​ក៏​ប្រាប់ត​ៗ​គ្នា ជាប់​ឈ្មោះ​ថា “​ត្បូងឃ្មុំ​” រហូត​ទល់​សព្វថ្ងៃ​។

បើ​យោង​តាម​ឯកសារ​ខ្លះ​ក៏​ចារ​ទុក​យ៉ាងនេះ​ដែរ សូ​ម្បី​តែ​កាលពី​សម័យស្រីសន្ធរក្នុង​ពេល​យាយ​ផា​ន់ កុហក​នាង​ទាវជា​កូនស្រីឲ្យ​មក​រៀប​ការ​ជាមួយម៉ឺន​ងួ​ន ក៏​ឧកញ៉ា​អជ៌ុនបាន​ចាត់​បរិវារ​ឲ្យ​បររទេះ​គោ រទេះក្របីដឹក​ភ័ស្តុភារ​ដង្ហែ​តាម​ផ្លូវ​ពី​ខាងត្បូង​ឃ្មុំ​ដែរ ហើយ​អ្នកចូលរួម​ក្នុង​ពិធី​រៀប​ការ​នោះ ត្រូវ​ទទួលទោស​ប្រហារជីវិត និង​ដាក់​បញ្ចូល​ជា “​អ្នកងារ​” ដែល​អ្នក​សិក្សា​អក្សរសិល្ប៍​ខ្មែរ រឿង​ទុំ​ទាវ សុទ្ធតែ​បានដឹង​គ្រប់​គ្នា​។ ​ដោយឡែក​យោង​តាម​ឯកសារ​ខ្លះបាន​សរសេរ​ថាដើម​ឡើយ​នៅ​ទី​អារាម​ចាស់ ដែល​មា​នទី​តាំងនៅ​លើ​ទួល​មួយ​នោះ គ្មាន​ព្រះសង្ឃ​គង់​នៅទេគឺ​មាន​តែ​យាយជី​ក្រមុំ​ម្នាក់​ឈ្មោះ កែ រស់នៅ​តែ​ម្នាក់ឯង​នៅ​ក្បែរ​វត្តមាន​ដើម​បេង​ដ៏​ធំ​មាន​ឃ្មុំ​១​សំបុកទំ​នៅ​លើ​មែក ហើយ​ឃ្មុំ​នេះ​កាច​ណាស់ គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ជិត​ទេ​។ ដូនជី​នោះ​តែងតែ​ប្រាប់​អ្នកដំណើរ​ឲ្យ​ដើរ​ពី​ខាងត្បូង​ឃ្មុំ ដើម្បី​កុំ​ឲ្យ​ឃ្មុំ​ធុំក្លិន វា​មក​ទិច​មិន​ខាន​។ ពាក្យ​ថា “​ដើរ​ខាងត្បូង​ឃ្មុំ​” ក៏​ហៅ​យារ​ៗ​ក្លាយទៅជា “​ត្បូងឃ្មុំ​” វិញ​ពុំ​មែន​គុជឃ្មុំ ម្យ៉ាង​ដែល​គេ​ប្រើ​ធ្វើ​ត្បូងចិញ្ចៀន​នោះ​ទេ​។ ចំណេរ​តម​ក ដើម​បេង​នោះ ត្រូវ​ដើម​ជ្រៃ ដុះ​រឹតរួត​ខ្លាំង ក៏​ងាប់​ទៅ ប៉ុន្តែ ទីនោះ អ្នកស្រុក​មាន​ជំនឿ​ថា មាន​អ្នកតា​គង់​សណ្ឋិត​ដែល​អ្នកមាន​បណ្តា​ស័ក្តិដើរ​កាត់​មិន​បាន​ឡើយ​ច្បាស់ជា​ធ្លាក់បុណ្យ​ស័ក្តិ​។

ដោយឡែក​ខេត្ត​ត្បូងឃ្មុំ ពី​បុរាណ​គ្រប់គ្រង​ដោយ​ស្តេចត្រាញ់ ស័ក្តិ​១០​ហ៊ូពាន់ មាន​គោរម្យ៍ងារ​ជា “​អ្នកឧកញ៉ា​អជ៌ូន​”​។ ស្តេចត្រាញ់ មាន​អំណាច អាច​កាប់សំលាប់​ជន​ណា​ក៏​បាន ប៉ុន្តែ ក្រោយមក ព្រះមហាក្សត្រ​បាន​ដកសិទ្ធិ​អំណាច​បន្តិច​ម្តង​ៗ​។ សព្វថ្ងៃ ក្រុង​សួង ក៏​ដូច​ផ្សារ​សួង ជា​អតីត​ដែនដី​ស្រុក​ត្បូងឃ្មុំ ដែល​មាន​ដើម​ពោធិ៍​២​ដើម កាល​គេ​ចាប់​ទុំ ទៅ​សំលាប់ និង​អតីត​ផ្ទះ​យាយ​ផា​ន់ ជា​តឹកតាង​ស្រាប់​៕ []

ប្រវត្តិសាវតាខេត្តត្បូងឃ្មុំ

[កែប្រែ]
១.សាវតាខេត្តត្បូងឃ្មុំ
[កែប្រែ]

តាមពិតទៅ ខេត្តត្បូងឃ្មុំ ពុំមែនជាឈ្មោះខេត្តថ្មីនោះទេ ឈ្មោះស្រុក ឬខេត្តត្បូងឃ្មុំ បានលេចឡើងដំបូងក្នុងសិលាចារឹកសម័យក្រោយអង្គរ (IMA.37) ចារនៅលើ ជញ្ជាំងនៃស្លាបខាងជើង រោងទងខាងកើត នៃប្រាសាទអង្គរវត្តរួចទៅហើយ។ សិលាចារឹកនេះ ចារដោយបុរសម្នាក់ឈ្មោះជយនន្ទនៅឆ្នាំ១៧០១។ ក្នុងសិលាចារឹកដដែលនេះ គឺចាររៀបរាប់ពីព្រឹត្តការណ៍ដែលព្រះរាជាបានដំឡើង បុណ្យសក្តិឱ្យគាត់មានងារជាស្តេចក្រាញ់ “អរជូន” ត្រួតត្រាដែនដីខេត្តត្បូងឃ្មុំ។ រហូតដល់ដើមសតវត្សទី១៩ ឃើញមានឯកសារមួយចំនួនដូចជា ព្រះរាជពង្សាវតារស្នាដៃអក្សរសិល្ប៍រឿងទុំទាវ រឿងហ្លួងព្រះស្តេចកនដែល ជារឿងព្រេងនិទានបែបប្រវត្តិសាស្ត្រ ព្រមទាំងឯកសារប្រវត្តិសាស្ត្រជាច្រើនទៀត ទាំងភាសាខ្មែរ និងបរទេស ហើយភាគច្រើនឯកសារជាភាសាបារាំងសុទ្ធតែ បានសរសេររៀបរាប់អំពីឈ្មោះស្រុក ឬខេត្តត្បូងឃ្មុំ។ នៅពេលប្រទេសខ្មែរស្ថិតក្រោមរបបអាណាព្យាបាលរបស់បារាំងចន្លោះឆ្នាំ១៨៦៣ ដល់១៩៥៣ ឃើញមានឯកសារដែលសរសេរពីការបង្កើតខេត្តស្រុក ខណ្ឌ ឃុំ និងភូមិ។ ជាក់ស្តែងខេត្តកំពង់ចាមបង្កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៨៨៥ ហើយមន្ត្រីបារាំង ម្នាក់ឈ្មោះ ហ្វ្រង់ស័រ បូឌាន់ (Francois Baudoin) ជាអ្នកត្រួតត្រាពី លើចៅហ្វាយខេត្ត ខ្មែរ។ ខេត្តកំពង់ចាមកាលណោះ មានស្រុកចំនួនដប់ជាចំណុះ គឺស្រុកកំពង់សៀម ក្រូចឆ្មារ ព្រៃឈរ ជើងព្រៃ កងមាស កោះសូទិន ស្រីសន្ធរ មេមត់ ស្ទឹងត្រង់ និងស្រុកត្បូងឃ្មុំ។ កំណែទម្រង់លើវិស័យរដ្ឋបាលនៅក្នុងរបបអាណាព្យាបាលបារាំង បានធ្វើឡើងជាបន្តបន្ទាប់ពិសេសក្នុងរាជ្យព្រះបាទអង្គឌួង និងព្រះបាទនរោត្តម។ នៅក្នុងឆ្នាំ១៨៩៧ ត្បូងឃ្មុំត្រូវគេដំឡើងពីស្រុកឱ្យទៅជាខេត្ត ដែលកាលណោះ មានខេត្តចំនួន ៥៧ ប៉ុន្តែពុំមានខេត្តកំពង់ចាមទេ។ លុះដល់ឆ្នាំ១៩១៧ មានការរុះរើចំនួនខេត្តម្តងទៀត ដោយបន្ថយពី ៥៧ខេត្តមកនៅត្រឹម ៥១ខេត្តវិញ ហើយត្បូងឃ្មុំនៅជាខេត្តដដែល។ រហូតដល់ទសវត្ស១៩២០ ក៏មានកំណែទម្រង់រចនា សម្ព័ន្ធវិស័យរដ្ឋបាលជាថ្មីទៀត ហើយនៅពេលនោះរក្សាទុកខេត្តតែ ១៣ ប៉ុណ្ណោះ ដោយត្បូងឃ្មុំធ្លាប់ជាខេត្តកាលពីមុនមកនោះ ត្រូវប្រែក្លាយឱ្យទៅជាស្រុកមួយរបស់ ខេត្តកំពង់ចាមវិញ។ ចាប់ពីពេលនោះមក យើងពុំឃើញមានការផ្លាស់ប្តូរទៀតឡើយ រហូតមកទល់នឹងឆ្នាំ២០១៤ ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រែក្លាយទឹកដីត្បូងឃ្មុំ ឱ្យទៅជាខេត្តវិញ ដូចពីអតីតកាលជាង ១០០ឆ្នាំមុន។

ការសិក្សាស្រាវជ្រាវរបបគំហើញ និងឯកសារពាក់ព័ន្ធជាច្រើនទៀត បានបញ្ជាក់យ៉ាង ច្បាស់ថាកំណើតទឹកដីត្បូងឃ្មុំ បានកកើតឡើងតាំងពីសម័យបុរេប្រវត្តិសាស្ត្រប្រហែល ១០០០ឆ្នាំមុនគ្រិស្តសករាជមកម្ល៉េះ ដែលមានមនុស្សមកតាំងទីលំនៅជាក្រុម ឬជាសហគមន៍។ ជាក់ស្ដែងតាមរយៈកំណាយនៅស្ថានីយ៍បន្ទាយគូ នៅក្នុងស្រុក ពញាក្រែក និងស្រុកមេមត់កន្លងមក បានរកឃើញដូចជា៖ កុលាបភាជន៍ ឧបករណ៍ថ្ម ខ្នារថ្ពិចអំបោះ គ្រាប់លុញ កងដៃថ្ម អង្កាំថ្ម ជាដើម។ ចំណែកកំណាយនៅទីបញ្ចុះសពស្ថិត  នៅឃុំវាលម្លូ ស្រុកពញាក្រែកឯណេះវិញ បានរកឃើញក្អម ឆ្នាំង ឧបករណ៍ថ្ម គ្រឿងអលង្ការ ធ្វើពីសំរឹទ្ធ និងដែក អង្កាំកែវ ក្រវិលកែវ កាំបិតស្នៀត លំពែង ។ល។ រីឯនៅតាមទួល ស្ថានីយដែលអ្នកស្រុកហៅ “ភ្នំអំបែង”ឬ “ទួលអំបែងចេះ” ស្ថិតនៅឃុំប្រធាតុ ស្រុកអូរាំងឪ និងឃុំថ្មពេជ្រស្រុកត្បូងឃ្មុំ ក៏បានរកឃើញសំណល់ ជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ដូចជា៖ អំបែង ក្អម ឆ្នាំង និងឧបករណ៍ថ្មជាដើម។

ទន្ទឹមនឹងនេះ សំណង់ប្រាសាទនិងសំណង់ស្ថាបត្យកម្មដែលបានសាងសង់ ក្នុងសម័យមុនអង្គរដែលនៅសេសសល់សព្វថ្ងៃនេះរួមមាន៖ ប្រាសាទ ព្រះធាតុព្រះស្រី (ព្រះធាតុបាស្រី) សង់នៅសតវត្សទី ៦ ប្រាសាទខ្នាយវាន សង់នៅសតវត្សទី ៦-៧ ប្រាសាទព្រះធាតុ សង់នៅឆ្នាំ ៦៥៥ ប្រាសាទដំរិលប្រាសាទព្រះធាតុស្រម ទួលយាយទេព និងផ្ដែរនៅវត្តដូនរតន៍។ ដោយឡែកដើមសម័យអង្គរនៅចន្លោះចុងសតវត្សទី ៨ និងដើមសតវត្សទី ៩ ព្រះបាទជ័យវរ្ម័នទី២ បានបង្កើតទីក្រុងមួយស្ថិតក្នុងភូមិសាស្ត្រ ទឹកដីត្បូងឃ្មុំសព្វថ្ងៃនៅក្នុងឃុំដូនតី ស្រុកពញាក្រែក ដែលមានឈ្មោះថា “ឥន្ទ្របុរ” ជារាជធានីដំបូងរបស់ព្រះអង្គមុនពេលដែលទ្រង់យាងទៅគង់នៅតំបន់អង្គរ ខេត្តសៀមរាប។

ក្នុងសម័យក្រោយអង្គរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រធំៗ ពីរបានកើតឡើង។ ទីមួយ ក្នុងរជ្ជកាលហ្លួងព្រះស្ដេចកន បានសាងសង់រាជធានីបន្ទាយព្រៃនគរក្នុងឆ្នាំ ១៥១៤ សព្វថ្ងៃហៅថា “ព្រៃនគរក្នុង”ស្ថិតក្នុងភូមិចន្លក់ដូនតី ខេត្តត្បូងឃ្មុំ ដោយដាក់ឈ្មោះថា “ក្រុងស្រឡប់ពិជ័យបន្ទាយព្រៃនគរ” ឬ “ក្រុងស្រឡប់ដូនតីព្រៃនគរបវររាជធានី”។ ទីពីរ រឿងទុំទាវដែលបានរំលេចរឿងរ៉ាវជាច្រើនទាក់ទងទឹកដីខេត្តត្បូងឃ្មុំក្នុងអំឡុងចុងសតវត្សទី១៦ ដោយមានស្ដេចក្រាញ់ឧកញ៉ាអរជូន ជាអ្នកគ្រប់គ្រងទឹកដីត្បូងឃ្មុំ។ រឿងទុំទាវបានដក់ជាប់ក្នុងអារម្មណ៍របស់មនុស្សគ្រប់មជ្ឈដ្ឋានមកទល់សព្វថ្ងៃនេះ។

គួរបញ្ជាក់ថាមុនការត្រួតត្រារបស់បារាំង ដែនដីខ្មែរទាំងមូលបានបែងចែកជាតំបន់ ដែលខ្មែរបុរាណហៅថា “ដី” ហើយ “ដី” នីមួយៗ មានពី ៦ ទៅ ១០ ខេត្ត គ្រប់គ្រងផ្ទាល់ដោយព្រះរាជាឧបរាជ្យ និងព្រះរាជមាតា។ លុះក្រោយមកស្ថិតក្រោម អំណាចត្រួតត្រារបស់រាជវង្ស “ដី” នីមួយៗ ត្រូវបានព្រះរាជាប្រគល់ឲ្យមន្ត្រីជាន់ខ្ពស់ ដែលកាលនោះ មានងារជាស្ដេចក្រាញ់ ជាអ្នកគ្រប់គ្រង។ ជាក់ស្ដែងនៅក្នុង រាជ្យរបស់ព្រះបាទស្រីធម្មរាជា (១៦២៩-១៦៣០) បានតែងតាំងស្ដេចក្រាញ់ប្រាំរូប ឲ្យត្រួតត្រាដែនដីចំនួន ៥ គឺដីត្បូងឃ្មុំគ្រប់គ្រងដោយឧកញ៉ាអរជូន ដីកំពង់ស្វាយគ្រប់គ្រងដោយឧកញ៉ាតេជោ ដីទ្រាំងត្រួតត្រាដោយឧកញ៉ាពិស្ណុលោក ដីពោធិ៍សាត់គ្រប់គ្រងដោយ ឧកញ៉ាសួគ៌ាលោក ដីបាភ្នំត្រួតត្រាដោយឧកញ៉ាធម្មាតេជោ។

អំណេះតមក ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដែនដី ត្រូវបានបែងកែសម្រួលជាបន្តបន្ទាប់ តួយ៉ាងដូចជាខេត្តត្បូងឃ្មុំ បានផ្លាស់ពីតំបន់ត្បូងឃ្មុំ ដីត្បូងឃ្មុំទៅជាស្រុកត្បូងឃ្មុំ ជាខេត្តត្បូងឃ្មុំ និងពីខេត្តត្បូងឃ្មុំទៅជាស្រុក ត្រឡប់ចុះត្រឡប់ឡើង និងចុងក្រោយ ទើបរាជរដ្ឋាភិបាលសម្រេចប្រែក្លាយជាខេត្តត្បូងឃ្មុំវិញ តាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៣ ដោយបំបែកចេញពីខេត្តកំពង់ចាម ហើយប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤។

២.និមិត្តសញ្ញាខេត្ត
[កែប្រែ]

១. ភូមិសាស្ត្រ

២. បរិស្ថាន និងធម្មជាតិ

៣. ប្រវត្តិសាស្ត្រ

៤. រឿងព្រេងនិទាន

ការជ្រើសរើសយកកត្តាទាំងបួនខាងលើមកផ្សំបញ្ចូលគ្នាប្រសូត្រចេញជានិមិត្តសញ្ញាបែបនេះគឺចង់រំលេចឲ្យឃើញពីសក្តានុពលរបស់ខេត្ត និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ខេត្តនេះ តាមរយៈមរតកវប្បធម៌ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិដែលមាននៅលើទឹកដីនៃខេត្តត្បូងឃ្មុំនាពេលសព្វថ្ងៃ។

ក.ទំរង់ទូទៅនៃនិមិត្តសញ្ញា

និមិត្តសញ្ញានេះមានរាងមូលព័ទ្ធដោយខ្សែពណ៌ត្នោតពីរជាន់ខាងក្រៅធំ ខាងក្នុងតូច និងខណ្ឌដោយផ្ទៃពណ៌ស។ ផ្ទៃខាងក្នុងពណ៌ត្នោតស្រាល ខណ្ឌដោយខ្សែពណ៌សរាងឆកោណតំណាងឱ្យសំណុលឃ្មុំ។ នៅចំកណ្ដាលមានរូបជើងពានពណ៌ត្នោត។ ចំណែកខាងផ្នែកខាងលើមានរំលេចអក្សរពណ៌ខៀវថា “ខេត្តត្បូងឃ្មុំ”។ ចំណែកនៅខាងក្រោមជើងពានមានលម្អដោយចង្វាយក្បាច់អង្គរ ដែលមានផ្ទៃក្បាច់ពណ៌បៃតងរំលេចដោយទម្រង់ក្បាច់ពណ៌ស។

ខ.អត្ថន័យនៃនិមិត្តសញ្ញា

រង្វង់ព័ទ្ធជុំវិញ

រង្វង់ខ្សែពីរជាន់ព័ទ្ធជុំវិញតំណាងឲ្យស្ថានីយបុរេប្រវត្តិសាស្រ្ត “បន្ទាយគូ ឬភូមិមូល”។ ខ្សែខាងក្រៅធំតំណាងឲ្យកំពែងដីខាងក្រៅឯខ្សែតូចខាងក្នុងតំណាងឱ្យដីទួលព័ទ្ធជុំវិញមាត់គូ ដែលអ្នកខ្លះហៅថាកំពែងខាងក្នុង។ ចំណែកខ្សែសខណ្ឌពណ៌ត្នោតទាំងពីរតំណាងឱ្យគូទឹក។ តាមរយៈការស្រាវជ្រាវផ្នែកបុរាណវិទ្យាស្ថានីយ៍ “បន្ទាយគូឬភូមិមូល” ជាកន្លែងមនុស្សរស់នៅតាំងពី ១០០០ឆ្នាំមុនគ្រិស្តសករាជ។ បន្ទាយគូនេះគេបានរកឃើញភាគច្រើននៅតំបន់ដីក្រហមក្នុងស្រុកមេមត់ និងពញាក្រែកនៃខេត្តត្បូងឃ្មុំ ហើយមួយចំនួនទៀតរកឃើញនៅតំបន់ដីក្រហមក្នុងស្រុកស្នួល ខេត្តក្រចេះព្រមទាំងនៅក្នុងតំបន់ដីក្រហមនៃប្រទេសវៀតណាមផងដែរ។ លោក ប៊ែរណាហ្វីលីព ហ្រូសលីយេ អ្នកស្រាវជ្រាវជនជាតិបារាំង បានកំណត់ឈ្មោះស្ថានីយ និងវត្ថុដែលរកឃើញនៅតំបន់ខាងលើនេះថា “អារ្យធម៌មេមត់” ដែលជាអរិយធម៌ចាស់ជាងគេនៅតំបន់ដីក្រហមនៅតំបន់អាស៊ីអាគ្នេយ៍។

ផ្នែកខាងក្នុង

ផ្ទៃខាងក្នុងគឺតំណាងសំបុកឃ្មុំ និងទឹកឃ្មុំ។ វត្ថុដ៏មានតម្លៃរបស់ឃ្មុំដែលអ្នកស្វែងរកឃ្មុំប្រាថ្នាចង់បាននោះ គឺ “ក្បាលទឹកឃ្មុំ” ជាទីប្រមូលផ្ដុំដោយទឹកឃ្មុំមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ផង និងសម្រាប់ជាឱសថផ្សេងៗផង។ ប្រសិនបើយោងលើពាក្យ “កបាល” ឬ “ក្បាល”ជាពាក្យសំស្ក្រឹតត្រូវគ្នានឹងពាក្យខ្មែរថា “ត្បូង”។ ដូច្នេះពាក្យថា “ក្បាលទឹកឃ្មុំ” ដែលយើងប្រើសព្វថ្ងៃនេះ គឺប្រហែលជាអ្នកស្រុកហៅខ្លីថា “ត្បូងឃ្មុំ” ដូច្នេះក៏មិនដឹង។ ម្យ៉ាងទៀត ឃ្មុំស្ថិតក្នុងអម្បូរសត្វល្អិតរស់នៅជាក្រុម ដែលមានការតស៊ូអត់ធ្មត់ និងឧស្សាហ៍ព្យាយាម មានសាមគ្គីគ្នាល្អ។ ហេតុនេះ ការយកឃ្មុំមកដាក់ក្នុងនិមិត្តសញ្ញានេះ ក៏ចង់បង្ហាញពីគ្នានិមិត្តរូបនៃការតស៊ូ និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ។ ចំណែកទឹកឃ្មុំជានិមិត្តរូបនៃការរស់នៅដ៏ផ្អែមល្ហែមក្នុងសហគមន៍ក៏ដូចជាសង្គមជាតិទាំងមូល។

រូបជើងពាននៅកណ្ដាល

រូបសំខាន់បំផុតនៅចំកណ្ដាលដែលជ្រើសរើសធ្វើជានិមិត្តសញ្ញារបស់ខេត្តត្បូងឃ្មុំនោះគឺ        “ជើងពានបុរាណ” ធ្វើពីដីដុត (កុលាលភាជន៍) ដែលរកឃើញពេលធ្វើកំណាយស្រាវជ្រាវនៅស្ថានីយបន្ទាយគូស្ថិតក្នុងក្រុមហ៊ុនចំការកៅស៊ូក្រែកកាលពីឆ្នាំ ១៩៩៨។ បើសង្កេតទៅលើរូបជើងពាននេះ គឺមានសណ្ឋានដូចជាជើងពានប្រដាប់ប្រើប្រាស់សព្វថ្ងៃនេះដែរ។ ផ្អែកលើលទ្ធផលសិក្សាវិភាគកំណត់អាយុកាលលើបុរាណវត្ថុជាច្រើន ដែលស្ថិតក្នុងជម្រៅដីជាមួយគ្នាជើងពាននេះមានអាយុជាង ៣០០០ឆ្នាំ។ ជើងពានជាប្រដាប់សំរាប់ដាក់ទ្រវត្ថុមានតម្លៃ គម្ពីក្បួនច្បាប់ផ្សេងៗ គ្រឿងសក្ការៈបូជាសម្រាប់ថ្វាយព្រះ ឬវត្ថុគង់ខ្ពស់សម្រាប់ព្រះរាជាជាដើម។ ម្ល៉ោះហើយជើងពានជានិមិត្តរូបនៃចំណេះដឹង ភាពខ្ពង់ខ្ពស់ និងភាពពិសិដ្ឋ។

អក្សរពណ៌ខៀវ “ខេត្តត្បូងឃ្មុំ”

ជាប្រភេទអក្សរមូលដែលវិវត្តន៍មកពីអក្សរខ្មែរសម័យអង្គរ។ ចាប់ពីសម័យក្រោយអង្គរ (សតវត្សទី១៤/១៥) មកគេច្រើនប្រើអក្សរមូលនេះដើម្បីចារលើសាស្ត្រា ឬក្រាំងផ្សេងៗ។ អក្សរនេះនៅតែមានប្រជាប្រិយភាពរហូតមកទល់សព្វថ្ងៃនេះ។

ចង្វាយក្បាច់អង្គរ

ចង្វាយក្បាច់នៅពីក្រោមជើងពានគឺជាក្បាច់មួយប្រភេទហៅថា “ក្បាច់អង្គរ” ។ ក្បាច់នេះឃើញបុព្វបុរសខ្មែរនិយមឆ្លាក់តុបតែងលម្អនៅតាមប្រាណប្រាសាទ និងទីសក្ការៈនានា ហើយបន្តឥតដាច់ពីសម័យបុរាណរហូតមកទល់សព្វថ្ងៃ។ ក្បាច់លំអទាំងឡាយគឺច្នៃរចនាចេញពីធម្មជាតិជាពិសេសរុក្ខជាតិមានដើម ទង ស្លឹក ផ្លែ ផ្កាជាដើម។ ម្ល៉ោះហើយ ក្បាច់មិនមែនគ្រាន់តែជាគ្រឿងសម្រាប់តុបតែងលម្អប៉ុណ្ណោះទេ តែក៏បង្ហាញឲ្យឃើញពីការចម្រើនលូតលាស់ភោគផល ធនធានធម្មជាតិ និងភាពសម្បូណ៍សប្បាយនៅក្នុងសង្គមដែរ។ ហេតុដូច្នេះហើយ ចង្វាយក្បាច់អង្គរដែលលើកយកមកលម្អនៅក្នុងនិមិត្តសញ្ញានេះជានិមិត្តរូបនៃស្ពានតភ្ជាប់រវាងអរិយធម៍រុងរឿងពីអតីតកាលមកបច្ចុប្បន្នកាលផង  និងជាសញ្ញានៃកសិ-ឧស្សាហកម្មមានដូចជាកៅស៊ូ ដំឡូងមី ស្វាយចន្ទី និងម្រេចជាដើមដែលជាសក្កានុពលសេដ្ឋកិច្ចរបស់ខេត្តតែម្ដង។

ពណ៌

រង្វង់មូលពីរជាន់ព័ទ្ធជុំវិញផ្នែកខាងក្រៅនៃនិមិត្តសញ្ញានេះមានពណ៌ត្នោតគឺតំណាងឲ្យតំបន់ដីក្រហមរបស់ខេត្តត្បូងឃ្មុំ។ ផ្ទៃរបស់និមិត្តរូបសញ្ញារាង ៦ ជ្រុងតូចគឺចម្លងចេញពីសំបុកឃ្មុំ។ ជើងពាននៅចំកណ្ដាលរំលេចដោយពណ៌ដី គឺតំណាងឲ្យដីក្រហមនៃខេត្តត្បូងឃ្មុំផង និងពណ៌ដើមរបស់កុលាសភាជន៍។ រីឯអក្សរ “ខេត្តត្បូងឃ្មុំ” មានផ្ទៃពណ៌ខៀវ គឺតំណាងឲ្យសេរីភាពផង និងតំណាងឲ្យអាកាសធាតុមូសុងផង។ ចំណែក ចង្វាយក្បាច់អង្គរបែកពណ៌បៃតង គឺតំណាងឲ្យសក្តានុពលនៃដំណាំកសិ-ឧស្សាហកម្មរបស់ខេត្ត មានដូចជាម្រេច ពិសេសដំណាំកៅស៊ូ ដែលគេចាត់ទុកជា “មាសសលើដីក្រហម”។

[កែប្រែ]

រជ្ជកាល

[កែប្រែ]

កាលផែនដីព្រះបាទអរិដ្ឋពលពាហនោនោះ ព្រះអង្គចាត់ព្រះរាជបុត្រាមួយព្រះអង្គព្រះនាមពញាអរ តាំងជាសម្តេចចៅពញាអជ៌ូនឱ្យមកគ្រងស្រុកត្បូងឃ្មុំជាសាមន្តរាជធំ។ សន្តតិវង្សពញាអរគ្រងស្រុកនេះបាន ៨ តលុះផុតបុត្រព្រះត្រកូលនោះទៅ ដោយព្រះរាជាជាន់ក្រោយៗរបស់សម្តេចចៅពញាអរជូននោះ អាឥតរាជបុត្រនឹងតវង្សតទៅទៀត​។

រជ្ជកាលធម្មរាជាទី១

[កែប្រែ]

ក្នុងផ្នែកទី១ ដែលទាក់ទងនឹងការបែងចែកអាណាចក្រ យើងបានឃើញថាទឹកដីខ្មែរត្រូវចែកជាប្រមាណ ៧០ ខេត្ត ហើយខេត្តទាំងនោះត្រូវប្រមូលផ្ដុំជាតំបន់ដែលគេហៅថា ដី។ ក្នុងតំបន់នីមួយៗ មានស្ដេចត្រាញ់មួយអង្គឈរត្រួតត្រា (ជួនកាលហៅថា ស្ដេចត្រាញ់ក៏បាន ពាក្យនេះទំនងជាក្លាយមកពីពាក្យបុរាណ ម្រតាញ ដែលមានប្រើក្នុងសិលាចារឹកខ្មែរ)។ ស្ដេចត្រាញ់ មួយអង្គៗមាននាទីគ្រប់គ្រងតំបន់របស់ខ្លួនផង ហើយមាននាទីគ្រប់គ្រងខេត្តរបស់ខ្លួនផ្ទាល់ផង។ បើតាមឯកសាររាជពង្សាវតារខ្មែរ ក្នុងរជ្ជកាលព្រះបាទធម្មរាជាទី១ មានការតែងតាំងស្ដេចត្រាញ់ ៥ អង្គគឺ:

ព្រះរាជាណាចក្រទីពីរ

[កែប្រែ]

ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ នស/រកត/១២១៣/១៤៤៥ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​ចេញ​ប្រកាស​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤។ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កាត់​យក​ក្រុង​ចំនួន ១ និង​ស្រុក​ចំនួន ៦ ពី​ខេត្ត​កំពង់ចាមគឺ ក្រុងសួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់[]

រដ្ឋបាលខេត្ត

[កែប្រែ]

ខេត្តត្បូងឃ្មុំ (អង់គ្លេស: $ Province)ជាដែនរដ្ឋបាលស្ថិតនៅខាងកើតទន្លេមេគង្គ ប្រទេសកម្ពុជា ត្រូវបានកាត់ចេញពីដែនរដ្ឋបាលរបស់ ខេត្តកំពង់ចាម ដែលមាន ស្រុក ឃុំ និង ភូមិ÷

ខេត្តត្បូងឃ្មុំ
លេខកូដស្រុក-ក្រុង ឈ្មោះស្រុក-ក្រុងជាអក្សរខ្មែរ ឈ្មោះស្រុក-ក្រុងជាអក្សរអង់គ្លេស ចំនួនឃុំ-សង្កាត់ ចំនួនភូមិ
២៥០១ ក្រុងសួង Suong Municipality
២៥០២ ស្រុកដំបែ Dambae District
២៥០៣ ស្រុកក្រូចឆ្មារ Krouch Chhmar District
២៥០៤ ស្រុកមេមត់ Memot District
២៥០៥ ស្រុកអូររាំងឪ Ou Reang Ov District
២៥០៦ ស្រុកពញាក្រែក Ponhea Kraek District
២៥០៧ ស្រុកត្បូងឃ្មុំ Tboung Khmum District


មាន ១ក្រុង និង ៦ស្រុក គឺ÷

ឯកសារយោង

[កែប្រែ]
  1. "Everyday.com". Archived from the original on 2017-06-26. Retrieved 2015-06-28.
  2. ព្រះ​រាជក្រឹត្យ​លេខ នស/រកត/០២០៣/១៤៤៥, http://www.sithi.org/admin/upload/law/2014_01_09_RDE_New_Province_TbongKhmom.pdf Archived 2016-03-05 at the វេយប៊ែខ ម៉ាស៊ីន.

សូមមើលផងដែរ

[កែប្រែ]
  • សម្ដេចគតិព្រឹត្តបណ្ដិតប៊ុនរ៉ានីហ៊ុនសែន (កើតនៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម) ឥឡូវនៅក្នុង[[ខេត្តត្បូងឃ្មុំ)]