Location via proxy:   [ UP ]  
[Report a bug]   [Manage cookies]                
Jump to content

ភូមិសាស្ត្រនយោបាយចិន និងសហរដ្ឋអាមេរិក

ពីវិគីភីឌា

ភូមិសាស្ត្រនយោបាយចិន និងសហរដ្ឋអាមេរិក

[កែប្រែ]

ឆ្នាំ២០០១​ចិន​ប្តូរ​យុទ្ធសាស្រ្ត​ជា​លើកទី៣ លើកនេះ​ដើម្បី​ទប់ទល់​នឹង​សហរដ្ឋអាមេរិក

[កែប្រែ]
©Reuters

នៅ​ឆ្នាំ២០០១​ អ្វី​ដែល​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​ចិន​បារម្ភ​ខ្លាំង គឺ​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​George Bush កូន។ Bush​កូន ចាត់​ទុក​ចិន​ថា​ជា​គូ​ប្រជែង​យុទ្ធសាស្រ្ត និង​ប្រកាន់​ជំហរ​ឯកតោភាគី​និយម​ជ្រុល​ពេក នៅ​លើ​ឆាក​អន្តរជាតិ។ អ៊ីចឹង​ហើយ បាន​ជា​ថ្នាក់​ដឹក​នាំ​ចិន​សម្រេច​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​ម្តង​ទៀត។

នៅ​ខែ​កញ្ញា​ឆ្នាំ​២០០១ ថ្នាក់ដឹកនាំ​ចិន​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ម្តង​ទៀត ដោយ​ហេតុ​តែ​ព្រឹត្តិការណ៍​ពីរ​សំខាន់ៗ។ ព្រឹត្តិការណ៍​ទី​មួយ គឺ​George Bush​កូន​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក។ រី​ឯ​ព្រឹត្តិការណ៍​ទី​ពីរ គឺ​មហាភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១ ដែល​បាន​ធ្វើ​ឲ្យ​អាមេរិក​តក់ស្លុត​ខ្លាំង។

នៅ​ពេល​ដែល​ប្រជាជាតិ​អាមេរិក​កំពុង​ភ័យ​តក់​ស្លុត George Bushកូន និង​ពួក​ទី​ប្រឹក្សា​អភិរក្សនិយម​ដែល​នៅ​ជុំ​វិញ​លោក បាន​សម្រេច​ធ្វើ​សង្គ្រាម នៅ​អាហ្វហ្កានីស្តង់​(Afghanistan)។ កង​ទ័ព​អាមេរិក​១៧០០០​នាក់ និង​កង​កម្លាំង​អង្គការសន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​(OTAN)​៥០០០នាក់ ចូល​វាយ​រំលំ​របប​តាលីបង់​នៅ​Kaboul​ដែល​ជួយ​លាក់​ខ្លួន​និង​ការពារ​Ben Laden មេដឹកនាំ​អង្គការ​ភេរវកម្ម​​អន្តរជាតិ​Al-Qaïda។

សង្គ្រាម​អាហ្វហ្កានីស្តង់​ធ្វើ​ឲ្យ​ចិន​សប្បាយ​ចិត្ត​ផង​និង​បារម្ភ​ផង។ ចិន​សប្បាយ​ចិត្ត ពីព្រោះ​របប​តាលីបង់​អ៊ីស្លាម​និយម​ជ្រុល​បាន​រលាយ។ ចិន​បារម្ភ ពីព្រោះ​តាម​រយៈ​សង្គ្រាម​អាហ្វហ្កានីស្តង់ កងទ័ព​អាមេរិក​បាន​ឆ្លៀត​ចូល​មក​ដល់​អាស៊ី​កណ្តាល ដែល​ជា​តំបន់​ជាប់​ជិត​បង្កើយ​នឹង​ប្រទេស​ខ្លួន។ ជាក់ស្តែង ដើម្បី​ធ្វើ​សង្គ្រាម​នៅ​អាហ្វហ្កានីស្តង់ សហរដ្ឋអាមេរិក​បាន​ដាក់​ទាហាន​នៅ​មូលដ្ឋាន​Qarshi Hanabad ក្នុង​ប្រទេស​Ouzbekistan និង នៅ​មូលដ្ឋាន​Manas​ប្រទេស​Kirghizstan។

ថ្នាក់ដឹកនាំ​ចិន​យល់​ឃើញ​ថា​អាមេរិក​បាន​យក​សង្គ្រាម​ប្រឆាំង​ភេរវកកម្ម​មក ​ធ្វើ​ជា​លេស​ដើម្បី​ចូល​មក​កៀក​ប្រទេស​ខ្លួន និង​ផ្តើម​ធ្វើ​ការ​ឡោមព័ទ្ធ​ប្រទេស​ខ្លួន។ ម្ល៉ោះ​ហើយ បាន​ជា​នៅ​ឆ្នាំ​២០០១​នោះ ថ្នាក់​ដឹកនាំ​ចិន​សម្រេច​បង្កើន​ថវិកា​យោធា​ចំនួន​១៧,៧% ជាហេតុ​ធ្វើ​ឲ្យ​កញ្ចប់​ប្រាក់​នៃ​ក្រសួង​ការពារជាតិ​ឡើង​​ដល់​ទៅ​១៧០០០ លាន​ដុល្លារ។ ហើយ​តាំង​ពី​ឆ្នាំ​២០០១​នោះ​មក កញ្ចប់​ថវិកា​យោធា​របស់​ប្រទេស​ចិន​កើន​ឡើង​ជា​លំដាប់ ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ជាយថាហេតុ​ពី​សំណាក់​អាមេរិក។

គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​អាមេរិក មិនមែន​អាច​ត្រឹម​តែ​លេច​ចេញ​មក​តាម​ច្រក​អាស៊ី​កណ្តាល​តែ​ប៉ុណ្ណោះ​ទេ។ វា​ក៏​អាច​ចេញ​មក​តាម​ច្រក​អាស៊ី​បូព៌ា​ដែរ ពីព្រោះ​នៅ​ខ្ទង់​ឆ្នាំ​២០០១-២០០២ ប្រមុខរដ្ឋ​អាមេរិក​George Bush ផ្តើម​និយាយ​ឡើង​វិញ​ពី​ផែនការ​សាងសង់​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល។ Bush​ថែម​ទាំង​ប្រាប់​ឲ្យ​ដឹង​ថា​ចង់​ពង្រីក​ខែល​មីស្ស៊ីល​នេះ ទៅ​ដល់​ជប៉ុន​និង​តៃវ៉ាន់ ដើម្បី​ជួយ​ការពារ​ដែនដី​ទាំង​ពីរ​នេះ​ឲ្យ​រួច​ផុត​ពី​ការ​វាយ​ប្រហារ​ ជាយថាហេតុ​ពី​សំណាក់​ប្រទេស​ចិន។

អ៊ីចឹង​ហើយ​បាន​ជា​ចិន​បារម្ភ។ ពីព្រោះ​បើ​សិន​ជា​អាមេរិក​ពិត​ជា​ចង់​ដាក់​តៃវ៉ាន់ នៅ​ក្រោម​កិច្ច​ការពារ​របស់​ខ្លួន​មែន នោះ​ថ្នាក់ដឹកនាំ​តៃវ៉ាន់​នឹង​កក់ក្តៅក្នុង​ចិត្ត​ជាង​មុន រហូត​ដល់​អាច​ហ៊ាន​ប្រកាស​ឯករាជ្យ​នៃ​កោះ​នេះ នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​ឡើយ។ ទន្ទឹម​ជា​មួយ​គ្នា​នេះ​ដែរ ចិន​ក៏​បារម្ភ​មិន​តិច​ដែរ នៅ​ចំពោះ​មុខ​ជប៉ុន ជា​ពិសេស​តាំង​ពី​Junichiro Koizumi ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០០១​មក។ ពីព្រោះ ចំពោះ​ថ្នាក់ដឹកនាំ​ចិន Koizumi ជា​អ្នក​ជាតិ​និយម​ជ្រុល មាន​និន្នាការ​ផ្អៀង​ទៅ​ខាង​សហរដ្ឋអាមេរិក​ខ្លាំង​ពេក។ និយាយ​បែប​ផ្សេង ចិន​ខ្លាច​ជប៉ុន​របស់​Koizumi ប្រកាន់​ជំហរ​យោធា​និយម ដូច​កាល​ពី​អតីតកាល និង​ខ្លាច​ជប៉ុន​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ។

ក្រៅ​ពី​ពង្រឹង​ប្រព័ន្ធ​ការពារ​ជាតិ ថ្នាក់ដឹកនាំ​ចិន​ក៏​ប្រឹងប្រែង​បង្កើន​សកម្មភាព​ទូត នៅ​អាស៊ី​បូព៌ា​ដែរ។ នេះ​គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អាមេរិក​រក​លេស ចូល​មក​បង្ក​បញ្ហា នៅ​ក្នុង​តំបន់​នេះ​បាន។ ជាក់ស្តែង ចាប់​ពី​ខែ​មករា​ឆ្នាំ​២០០៣​ទៅ គឺ​ក្រោយ​ពី​កូរ៉េខាងជើង​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​មិន​សាយភាយ ​អាវុធ​នុយក្លេអ៊ែរ ចិន​ក៏​ចេញ​មុខ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េ​កុម្មុយនិស្ត តាម​រយៈ​អ្វី​ដែល​គេ​ហៅ​ថា​កិច្ចចរចា​ប្រាំមួយ​ប្រទេស គឺ​សហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន និង​កូរ៉េ​ទាំង​ពីរ។ ថ្នាក់ដឹកនាំ​ចិន​ពិត​ជា​មាន​ឆន្ទៈ​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​កុំ​ឲ្យ​ផលិត​ គ្រាប់បែក​បរមាណូ។ នេះ​គឺ​ដើម្បី​កុំ​ឲ្យ​អាមេរិក​មាន​លេស​ចូល​មក​បង្ក​រឿង​នៅ​ឧបទ្វីប​ កូរ៉េបាន និង​កុំ​ឲ្យ​ជប៉ុន​មាន​លេស​ចង់​ផលិត​អាវុធ ​នុយក្លេអ៊ែរ​នឹង​គេ​ដែរ។

ទន្ទឹម​ជាមួយ​គ្នា​នេះ យុទ្ធសាស្ត្រ​ទូត​របស់​ចិន​ក៏​ដៅ​ទៅ​រក​ការ​ទាញ​កូរ៉េខាងត្បូង​ឲ្យ​ឃ្លាត​ ចេញ​បន្តិច​ម្តងៗ​ពី​សហរដ្ឋអាមេរិក​ដែរ។ ចូរ​កុំ​ភ្លេច​ថា​តាំង​ពី​ចប់​សង្គ្រាម​កូរ៉េ នៅ​ឆ្នាំ​១៩៥៣​មក ចិន​មិន​ពេញ​ចិត្ត​នឹង​វត្តមាន​ទាហាន​អាមេរិក​នៅ​កូរ៉េខាងត្បូង​ទេ ហើយ​ប៉ង​ចង់​កំចាត់​ឥទ្ធិពល​នយោបាយ​និង​យោធា​របស់​អាមេរិក​ឲ្យ​អស់​ពី​ ឧបទ្វីប​កូរ៉េ៕

ឯកសារយោង

[កែប្រែ]

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ http://www.khmer.rfi.fr/china%20change%20strategy%20to%20face%20US%20economic Archived 2011-02-21 at the វេយប៊ែខ ម៉ាស៊ីន.